រងរបួសធ្ងន់ស្រាលចំនួពីនាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តធន់ធំបុកពីក្រោយជិះម៉ូតូសណ្តោងរ៉ឺម៉ក

0 217
001

កាលពីវេលាម៉ោង២:៤០នាទីយប់រំលងអាធ្រាត្រ ថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនេះ បុរសម្នាក់ជិះម៉ូតូសណ្តោងរ៉ឺម៉កចំនួន១គ្រឿង ដឹកបងស្រីនៅពីក្រោយ ត្រូវបានរថយន្តធន់ធំចំនួន១គ្រឿង ជ្រុលបុកពីក្រោយ បណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ស្រាលចំនួន២នាក់ ដែលមានទីតាំងស្ថិតនៅតាមផ្លួវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូសណ្តោងរ៉ឺម៉កចំនួន១គ្រឿង ជិះដោយឈ្មោះ ឡាយ ណាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នកលក់មីឆា មានស្រុកកំណើតនៅ ភូមិត្រពាំងផ្នែល ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ស្នាក់នៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដឹកឈ្មោះ ឡាយ ណាន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរអ្នកលក់មីឆា មានស្រុកកំណើតនៅ ភូមិត្រពាំងផ្នែល ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ស្នាក់នៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលត្រូវជាបងស្រីនៅពីក្រោយ រួមជាមួយនឹងអីវ៉ាន់ ចេញពីកន្លែងលក់ដូរមួយកន្លែង ក្នុងគោលបំណងត្រឡប់ទៅកាន់ផ្ទះវិញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តធុនធំចំនួនមួយគ្រឿង ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ជ្រុលបុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឱ្យធ្លាក់អ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក រងរបួសធ្ងន់បែកក្បាល ចំណែកឯបងស្រីជិះពីលើម៉ូតូសណ្តោងរ៉ឺម៉ក រងរបួសស្រាល រីឯរថយន្តវិញ បើករត់គេចខ្លួនទៅបាត់។

ក្រោយពេលកើតហេតុ ពីរនាក់បងប្អូនខាងលើ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីជួយសង្គ្រោះ និង ព្យាបាល។ ចំណែកឯម៉ូតូសណ្តោងរ៉ឺម៉កវិញ  ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅរក្សាទុកខ្លួនឯង៕

001
You might also like
Loading...