ស្ត្រីអ្នកលក់ផ្លែឈើម្នាក់ជិះម៉ូតូសណ្តោងរឺម៉ក ត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

0 217
001

កាលពីវេលាម៉ោង១០:៥០នាទីយប់ ថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនេះ ស្ត្រីអ្នកលក់ផ្លែឈើម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីរថយន្តម៉ាក Toyota Prius ចំនួន១គ្រឿង ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកម៉ូតូសណ្តោងរឺម៉កចំនួន១គ្រឿង ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូសណ្តោងរឺម៉កចំនួន១គ្រឿង ជិះដោយស្ត្រីម្នាក់ ឈ្មោះ ឆេង ងីម ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរអ្នកលក់ផ្លែឈើ មានទីលំនៅ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដឹកផ្លែឈើ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ដល់ត្រង់ចំណុចកើតហេតុខាងលើ បត់ឆ្វេងឆ្លងផ្លូវ មិនបានប្រុងប្រយ័ត្ន ត្រូវបានរថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BN-6144 ចំនួន១គ្រឿង កំពុងធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុក បណ្តាលឱ្យស្ត្រីអ្នកលក់ផ្លែឈើ ដែលជិះម៉ូតូសណ្តោងរឺម៉ក ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯរថយន្ត និង ម៉ូតូរងការខូចខាត រីឯអ្នកបើកបរថយន្តម៉ាក Toyota Prius វិញ ចុះពីរថយន្ត រួចគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និង នគរបាលចរាចរណ៍ផ្លូវគោក ចុះដល់ទីតាំងកន្លែងកើតហេតុខាងលើ ធ្វើការត្រួតពិនិត្យ រួចប្រគល់សាកសពរបស់ស្ត្រីអ្នកលក់ផ្លែឈើខាងលើ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯរថយន្ត និង ម៉ូតូសណ្តោងរឺម៉កខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង និង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមក្រោយ៕

001
You might also like
Loading...