រងរបួសធ្ងន់ស្រាលចំនួន២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូក្នុងល្បឿនលឿន បុកពីក្រោយថរយន្តកំពុងតែឈប់រង់ចាំរថភ្លើងឆ្លងកាត់ផ្លូវដែក
កាលពីវេលាម៉ោង១០:១៥នាទីយប់ ថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនេះ យុវជនម្នាក់ចំនួន២នាក់ ជិះម៉ូតូម៉ាក ហុង ដា ឌ្រីម សង់ សេ១២៥ ចំនួន១គ្រឿង ក្នុងល្បឿនលឿន បុកពីក្រោយថរយន្តម៉ាក Lexus RX300 ដែលកំពុងតែឈប់រង់ចាំរថភ្លើងធ្វើដំណើរឆ្លងកាត់ផ្លូវដែក បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ចំណែកឯម៉ូតូរងការខូចខាតមួយកំណាត់ផ្នែកខាងមុខ រីឯរថយន្តរងការខូចខាតបែកកញ្ចក់ក្រោយ ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវរថភ្លើង ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូម៉ាក ហុង ដា ឌ្រីម សង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ JS-6451 ចំនួន១គ្រឿង ជិះដោយឈ្មោះ ជុយ បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅ ភូមិជីអាប់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ស្នាក់នៅ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ឌុបឈ្មោះ ហៅ សីហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅ ភូមិជីអាប់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ស្នាក់នៅ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ដល់ត្រង់ចំណុចកើតហេតុខាងលើ បុកពីក្រោយថរយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-8138 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដែលកំពុងតែឈប់រង់ចាំរថភ្លើងធ្វើដំណើរឆ្លងកាត់ផ្លូវដែក បណ្តាលឱ្យអ្នកបើកបរម៉ូតូម៉ាក ហុង ដា ឌ្រីម សង់ សេ១២៥ រងរបួសធ្ងន់ បែកមុខ បាក់ដៃស្តាំ និង បាក់ជើងឆ្វេង អ្នកជិះពីក្រោយម៉ូតូម៉ាក ហុង ដា ឌ្រីម សង់ សេ១២៥ រងរបួសស្រាល ចំណែកឯម៉ូតូរងការខូចខាតមួយកំណាត់ផ្នែកខាងមុខ រីឯរថយន្តរងការខូចខាតបែកកញ្ចក់ក្រោយ។
ក្រោយពេលកើតហេតុ អ្នកជិះម៉ូតូទាំង២នាក់ខាងលើ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីជួយសង្គ្រោះ និង ព្យាបាល។ ចំណែកឯមធ្យោបាយធ្វើដំណើរទាំង២គ្រឿងខាងលើវិញ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង និង យកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមក្រោយ៕