កម្លាំងនគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធនឹងករណី អំពើលួច(ឆក់ទូរស័ព្ទ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កា បង្រ្កាបរាល់បទល្មេីសគ្រប់ប្រភេទ និងអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងគរបាលក្រុងសៀមរាប ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប
សៀមរាប ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៦:១៥នាទី មានករណី អំពើលួច(ឆក់ទូរស័ព្ទ) បង្កឡើងដោយជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ម៉ាក IPHON 11 Pro max ពណ៌ខ្មៅ របស់ជនរងគ្រោះឈ្មោះ រ.ប.ជ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ខណៈពេលដែរជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវបណ្តោយផ្លូវលូរទឹកស្អុយ ដែលស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចយើងដែលកំពុងតែល្បាត ក៏ប្រទះឃើញជនសង្ស័យ ហើយក៏ដេញតាមជនសង្ស័យរហូតដល់ចំណុចក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ខេត្តសៀមរាប រួចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងយកមកសួរនាំ។ ក្រោយពីសួរនាំជនសង្ស័យរូបនេះបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបខ្លួនមានឈ្មោះ នួន ព្រឿន ហៅវាំង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ពិតជាបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះពិតប្រាកដមែន បន្ទាប់មកជនសង្ស័យក៏បានឆ្លើយបន្ថែមថា ខ្លួនក៏ធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង១៧:៣៨នាទី នៅចំណុចខាងត្បូងបុរីសៀងណាំ ដែលស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយឆក់បានទូរស័ព្ទដៃចំនួន ០១គ្រឿង ហើយចំពោះករណីនេះ កម្លាំងសមត្ថកិច្ចយើងក៏បានទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចមកហើយផងដែរ។ ដោយឡែកជនសង្ស័យក៏បានឆ្លើយសារភាពថា កន្លងមកខ្លួនធ្លាប់បានធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទដៃរបស់ភ្ញៀវបរទេស ដោយសរុបចំនួន ១១លើក ចំពោះករណីទាំង ១១លើកនេះ កម្លាំងសមត្ថកិច្ចយើងកំពុងស្រាវជ្រាវរកបណ្តឹងរបស់ជនរងគ្រោះ។
វត្ថុតាងដែលកម្លាំងសមត្ថកិច្ចធ្វើការដកហូតរួមមាន៖
ទូរស័ព្ទចំនួន ០៣គ្រឿង ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាពចំនួន០១គ្រឿង។ ក្នុងនោះដែលកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើតេស្ដស្វែងរកសារធាតុញៀន លើជនសង្ស័យខាងលើ ជាលទ្ធផល(វិជ្ជមាន) មានសារធាតុញៀនក្នុងខ្លួន។
បច្ចុប្បន្នជនសង្ស័យខាងលេីត្រូវបានបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី។ ចំណែកឯវត្ថុតាងដែលបានដកហូតពីជនសង្ស័យខាងលើ ដែលមានទូរស័ព្ទដៃចំនួន ០៣គ្រឿង សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះដែលជាម្ចាស់វិញផងដែរ៕